គ្មានទុន ប្រកបអាជីវកម្ម មិនកើត?

Comments · 26952 Views

ពាក្យនេះច្រើនតែពោលចេញ ពីមាត់មនុស្សគ្មានការងារធ្វើ ហើយដើររអ៊ូរទាំដាក់អ្នកដ៏ទៃ។ បើសិន ជាពួកគាត់គ្មានលុយទេ ហេតុអ្វីមិនទៅធ្វើការអោយគេ? អ្នកលក់នំប៉័ងតាមកង់ តាំងពីព្រលឹមទល់ព្រលប់ សួរថាតើពួកគាត់មានលុយប៉ុន្មានលាន? ហើយតើការលក់នំប៉័ងតាមកង់នោះ មិនមែនជាមុខរបរទេឬ?

តាមពិតទៅការចាប់ផ្តើមពីបាតដៃទទេ ហើយអាជីវកម្មទទួលបានជោគជ័យ គឺមានការស្ញប់ស្ញែងពីមហាជនច្រើន និងមានទំនុកចិត្តយ៉ាងមុតមាំ ទៅលើបទពិសោធន៏ និងការដឹកនាំរបស់បុគ្គលនោះ។ ខុសពីការចាប់ផ្តើមដែលមានទុនស្រាប់ ព្រោះនៅពេលដែលមានបញ្ហារ បុគ្គលនោះតែងតែទទួលការជ្រោមជ្រែង ពីឳពុកម្តាយជានិច្ច។

ក្នុងជីវិតរស់នៅជាក់ស្តែង មិនមានបុគ្គលណាម្នាក់ កើតមកព្រមជាមួយនឹងភាពឥតខ្ចោះនោះទេ។ តែសំខាន់បុគ្គលនោះចេះកែច្នៃ ឆាកជីវិតរបស់គាត់អោយសមស្របទៅនឹងស្ថានការណ៏។ បើសិន ជាគាត់គិតថាស្អែកអាចនឹងមានភ្លៀង គាត់ត្រូវតែត្រៀមអាវភ្លៀង ឬក៏ឆ័ត្រដើម្បីការពារ។

ដូច្នេះពាក្យថា  គ្មានទុន ប្រកបអាជីវកម្ម មិនកើត គឺជាលេសរបស់មនុស្សខ្ជិលច្រអូសតែប៉ុណ្ណោះ។ ចូរចងចាំថា សូម្បីតែបុគ្គលខ្លះ រៀនចប់បណ្ឌិតពាណិជ្ជកម្ម មានទ្រព្យធនអាចបើកក្រុមហ៊ុនបានទៅហើយ ក៏នៅតែទទួលបរាជ័យបានផងដែរ។ ចុះសង្ឃឹមអ្វីត្រឹមមនុស្សអវិជ្ជារ ដេកអេះក្បាលពោះនៅតែផ្ទះរាល់ថ្ងៃ នឹងទទួលបានជោគជ័យក្នុងឆាកជីវិតនោះ៕

Comments