សញ្ញាណ ៤ បញ្ជាក់ថា អ្នកកំពុងតែដើរលើផ្លូវត្រូវ

មនុស្សម្នាក់ៗងាយនឹងទទួលរងឥទ្ធពល ពីបរិយាកាសជុំវិញខ្លួនខ្លាំងណាស់ជាពិសេសពីគ្រួសារ។ បើសិនជាឳពុកម្តាយគាត់មានមុខរបរអ្វីមួយ កូនៗទំនងជានឹងមានមុខរបរនោះដូចគ្នាទៅថ្ងៃអនាគត។ សួរថាតើនោះជាអាជីព ដែលពួកគាត់ប៉ងប្រាថ្នាមែនដែរឬទេ? ចំលើយគឺពួកគាត់ដឹងត្រឹមតែ អ្នកជំនាន់មុនរបស់គាត់បានបន្សល់ទុកតែប៉ុណ្ណោះ។ សកម្មភាព ៤យ៉ាងខាងក្រោមនេះ អាចអោយអ្នកស្វែងយល់នូវទង្វើរដែលអ្នកកំពុងធ្វើត្រឹមត្រូវ ឬយ៉ាងណា។


១. មានគណនីសន្សំមួយយ៉ាងខ្ជាប់ខ្ជួន


បើសិនជាអ្នកមានគណនីសន្សំមួយ ដែលមានលុយដាក់ជាប្រចាំនោះ អ្នកគួរតែមោទនភាពចំពោះខ្លួនឯងហើយ។ មនុស្សខ្លះខិតខំប្រឹងចាយវាយ ដោយគេគិតថាមុខរបររបស់ឳពុកម្តាយ គេបានបន្សល់ទុកអោយនោះ មានភាពគាប់ប្រសើររួចទៅហើយ គេមិនចាំបាច់ព្យាយាមរកអ្វីផ្សេងទៀតនោះទេ។ តែដល់ថ្ងៃមួយស្ថានភាពផ្លាស់ប្តូរ ពួកគេនឹងគ្មានអ្វីជួយទំនុកបំរុងឡើយ។


២. កុំខ្ជះខ្ជាយពេលវេលា ជាមួយមនុស្សឥតបានការ


មនុស្សចោលម្សៀតមានច្រើនណាស់ សូម្បីតែនៅកន្លែងធ្វើការរបស់អ្នកផងដែរ។ ដូច្នេះបើអ្នកសង្កេតឃើញមនុស្សប្រភេទនេះហើយ ចូរកៀរពួកគេចេញអោយឆ្ងាយពីជីវិតរបស់អ្នក ហើយគោរពនិងរាប់អានតែមនុស្ស ដែលមានសញ្ញាប័ត្រ និង ចំណេះដឹងខ្ពង់ខ្ពស់ពិតប្រាកដ៏។ ទាំងនេះមិនមែនជាការរើសអើងថានៈរបស់មនុស្សទេ ប៉ុន្តែយើងទាំងអស់គ្នារស់នៅក្នុងសង្គមអភិវឌ្ឍន៏ ត្រូវការភាពរីកចំរើនទៅមុខ មនុស្សចោលម្សៀតទាំងអស់នោះ បានត្រឹមតែបំផ្លាញពេលវេលារបស់អ្នកចោល និងទាញកិត្តិយសរបស់អ្នកអោយធ្លាក់ទៅបាតទន្លេតែប៉ុណ្ណោះ។


៣. ជីវភាពសមរម្យ


បើសិនជាអ្នកអាចផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ របស់អ្នកបានគ្រប់គ្រាន់មិនអោយខ្វះខាត នោះចាត់ទុកថាអ្នកមានសំណាងជាង មនុស្សរាប់លាននាក់ដ៏ទៃទៀត ដែលទាំងនេះរាប់បញ្ចូលតែការងារ និងមុខរបរសុច្ចរិតទៀងត្រង់តែប៉ុណ្ណោះ។


៤. អ្នកគឺជាម្ចាស់អនាគតរបស់ខ្លួនឯង


បើសិនជាអ្នកមានក្តីស្រមៃ ចូរធ្វើក្តីស្រមៃនោះអោយក្លាយទៅជាការពិតអោយបាន ដោយស្វែងរកការពិភាក្សា ពីអ្នកមានបទពិសោធន៏ ឬបុគ្គលជោគជ័យដើម្បីជួយលើកទឹកចិត្តអ្នក ប្រសើរជាជាងទៅខាតពេលវេលា ជាមួយនឹងមនុស្សមកអោយយោបល់ បំបាក់ទឹកចិត្តអ្នកទៅវិញ។


ចំណុចខាងលើទាំងអស់នេះ អានទៅហាក់ដូចជាធម្មតា មិនមានអ្វីអស្ចារ្យទាល់តែសោះ តែតាមពិតពួកគេមានអត្ថន័យខ្លាំងណាស់ សំរាប់ជីវិតរបស់អ្នកថ្ងៃនេះនិងទៅអនាគត បើសិនជាអ្នកស្វែងយល់អោយស៊ីជំរៅខ្លាំងបន្ថែមទៀតនោះ ព្រោះអត្ថបថមួយនេះពិតជាមានន័យបង្កប់ពិតមែន៕

Comments